លក្ខខណ្ឌនៃការចុះឈ្មោះចូលរៀនវគ្គសិក្សា
វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា (GGEP)
ចំណុច ១៖ ការបង់ថ្លៃសិក្សា
ថ្លៃសិក្សាដែលបង់រួច មិនអាចដកវិញបាន ឬផ្ទេរអោយបុគ្គលផ្សេងនោះទេ។ ប្រសិនបើសិស្សខកខានមិនបានចូលរៀនដោយប្រការណាមួយ នោះអ្នកអាចមកដាក់ពាក្យព្យួរការសិក្សា ឬ ធ្វើការផ្ទេរទៅរៀនវគ្គសិក្សាផ្សេងទៀត ដែលមាននៅសាលាភាសាអង់គ្លេស អ៊ែតនិច (ចំណុច១០)។
ចំណុច ២៖ ការផាកពិន័យ
ការបង់ថ្លៃសិក្សាយឺតហួសកាលបរិច្ឆេទដែលបានកំណត់ នឹងត្រូវផាកពិន័យជាប្រាក់ ៥ ដុលា្លរក្នុងមួយថ្ងៃ។
ចំណុច ៣៖ ការប្រលងតេស្ត IELTS
ក. បន្ទាប់ពីប្រលងបញ្ចប់ការសិក្សាដោយជោគជ័យ សិស្សនឹងទទួលបានការប្រលងតេស្តអន្តរជាតិ IELTS ដោយមិនគិតថ្លៃប្រសិនបើការចុះឈ្មោះចូលរៀនជាលើកដំបូងស្ថិតនៅក្នុងចន្លោះកម្រិតទី១ ដល់ ទី៨ ហើយរៀនបន្តរហូតដល់ចប់កម្មវិធីសិក្សា។
ខ. ប្រសិនបើការចុះឈ្មោះចូលរៀនជាលើកដំបូងរបស់សិស្សចាប់ផ្តើមពីកម្រិត ទី៩ ឡើងទៅ សិស្សនឹងត្រូវបង់ថ្លៃការប្រលងតេស្តអន្តរជាតិ IELTS ដោយខ្លួនឯង។
គ. សិស្សដែលសិក្សាតាមកម្មវិធីអនឡាញ (Online Learning) នឹងមិនទទួលបានការប្រលងតេស្ត IELTS ដោយឥតគិតថ្លៃនោះទេ។
ឃ. សិស្សអាហារូបករណ៍គ្រប់រូបនឹងមិនទទួលបានការប្រលងតេស្តអន្តរជាតិ IELTS ដោយឥតគិតថ្លៃនោះទេ។
ចំណុច ៤៖ ការធានាពិន្ទុ IELTS ៦ យ៉ាងតិច
ក.សិស្សទាំងអស់នឹងទទួលបានការធានាថាទទួលបានពិន្ទុសរុបយ៉ាងតិច ៦ ពីការប្រលងតេស្តអន្តរជាតិ IELTS បន្ទាប់ពីប្រលងបញ្ចប់ការសិក្សាកម្រិតទី១៤ដោយជោគជ័យនៅក្នុងសាលាភាសាអង់គ្លេសអ៊ែតនិច។
ខ. ការធានានេះនឹងមានសុពលភាពតែនៅពេលដែលសិស្សប្រលងតេស្តផ្លូវការអន្តរជាតិ IELTS ក្នុងអំឡុងពេលបីខែបន្ទាប់ពីការប្រលងបញ្ចប់ការសិក្សានៅក្នុងសាលាដោយជោគជ័យ។
គ. សិស្សដែលសិក្សាតាមកម្មវិធីអនឡាញ (Virtual and Online Learning) នឹងទទួលបានការធានាពិន្ទុ IELTS ៦ យ៉ាងតិច តែក្នុងករណីដែលសិស្សមកប្រលងបញ្ចប់កម្រិត CEFR នៅសាលាដោយផ្ទាល់តែប៉ុណ្ណោះ។ ក្នុងករណីអវត្តមានមិនបានមកប្រលងផ្ទាល់តាមការកំណត់របស់សាលា ការធានាពិន្ទុ IELTS ៦ យ៉ាងតិច នឹងមិនអាចផ្តល់ជូនទេ។
ឃ. ក្នុងករណីដែលសិស្សមិនអាចប្រលងបានពិន្ទុសរុបយ៉ាងតិច ៦ ពីការប្រលងតេស្តអន្តរជាតិ IELTS បន្ទាប់ពីប្រលងបញ្ចប់ការសិក្សានៅក្នុងសាលាដោយជោគជ័យ សាលាធានាផ្តល់ជូនឱកាសសិក្សាបន្ថែមឡើងវិញនៅក្នុងកម្មវិធីសិក្សា “វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា” ឬ “វគ្គត្រៀមប្រលងតេស្តអន្តរជាតិ IELTS” តាមការស្នើសុំ ដោយឥតកំណត់រយៈពេលនិងមិនគិតថ្លៃ រហូតដល់សិស្សអាចប្រលងបានពិន្ទុសរុបយ៉ាងតិច ៦ ពីការប្រលងអន្តរជាតិ IELTS។ ប៉ុន្តែការចំណាយលើការធ្វើតេស្តផ្លូវការអន្តរជាតិIELTS លើកទីពីរនិងបន្តបន្ទាប់ជាបន្ទុករបស់សិស្ស។
ចំណុច ៥ ៖ អាហារូបករណ៍ដែលផ្តល់ដោយសាលាភាសាអង់គ្លេសអ៊ែតនិចផ្ទាល់ ឬតាមរយៈអង្គការនានា
សាលាភាសាអង់គ្លេសអ៊ែតនិចសូមរក្សាសិទិ្ធក្នុងការឈប់បន្តផ្ដល់អាហារូបករណ៍ដោយពុំចាំបាច់បកស្រាយ ឬជូនដំណឹងជាមុន ។
ចំណុច ៦៖ ការលើកទឹកចិត្តដល់សិស្សពូកែ
សិស្សដែលប្រលងបញ្ចប់កម្រិតសិក្សានិមួយៗដោយទទួលបាននិទ្ទេសA(លើកលែងសិស្សអាហារូបករណ៍)ត្រូវបានលើកទឹកចិត្តដោយផ្តល់ជូនជាសៀវភៅសិក្សាមួយឈុត។ ការផ្តល់ជូននេះមិនអាចប្តូរជាប្រាក់សុទ្ធ ឬផ្ទេរឲ្យបុគ្គលផ្សេងបានឡើយ។
ចំណុច ៧៖ កម្មវិធីបញ្ចុះតម្លៃ ឬការទទួលបានការបញ្ចុះតម្លៃផ្សេងៗ
ក. សិស្សអាចទទួលបានការបញ្ចុះតម្លៃចាប់ពី ៥% រហូតដល់ ១៥%ក្នុងការចុះឈ្មោះចូលរៀនជាក្រុម។
ខ. សិស្សអាចទទួលបានការបញ្ចុះតម្លៃដែលជារង្វាន់លើកទឹកចិត្តពីការប្រកួតប្រជែងនានាដែលរៀបចំដោយសាលាភាសាអង់គ្លេសអ៊ែតនិច។
គ. សិស្សអាចប្រើកម្មវិធីបញ្ចុះតម្លៃតែមួយប៉ុណ្ណោះសម្រាប់ការចុះឈ្មោះចូលរៀនមួយវគ្គ។ ការបញ្ចុះតម្លៃដែលផ្តល់ជូនមិនអាចប្តូរជាសាច់ប្រាក់សុទ្ធ ឬផ្ទេរឲ្យបុគ្គលផ្សេងបានឡើយ។
ឃ. សិស្សអាហារូបករណ៍គ្រប់រូបមិនអាចចូលរួមកម្មវិធីបញ្ចុះតម្លៃ និងទទួលបានការបញ្ចុះតម្លៃណាមួយឡើយ។
ង. លក្ខខណ្ឌក្នុងការទទួលបានការបញ្ចុះតម្លៃត្រូវបានអនុវត្តដោយភ្ជាប់ជាមួយលក្ខខណ្ឌនៃការចុះឈ្មោះចូលរៀន។
ច. ការបង់ថ្លៃសិក្សារបស់សិស្សដែលទទួលបានការបញ្ចុះតម្លៃ ត្រូវធ្វើឡើងដោយការបង់ថ្លៃសិក្សាពេញទៅតាមវគ្គសិក្សានិមួយៗជាមុន។ សាច់ប្រាក់សុទ្ធដែលជាភាគរយទទួលបានពីការបញ្ចុះតម្លៃនឹងត្រូវទូទាត់សងត្រលប់មកសិស្សវិញនៅអំឡុងសប្តាហ៍ទី៣ និងទី៤ រាប់ចាប់ពីថ្ងៃចូលរៀននៃវគ្គសិក្សានិមួយៗ។
ចំណុច ៨៖ ការប្រលងធ្លាក់នៅក្នុងការប្រលងបញ្ចប់កម្រិតសិក្សានិមួយៗ
សិស្សដែលប្រលងធ្លាក់ក្រោយបញ្ចប់វគ្គសិក្សានីមួយៗ នឹងត្រូវបង់ថ្លៃសិក្សា ៥០ភាគរយ នៃតម្លៃសិក្សាពេញ (សម្រាប់វគ្គដែលត្រូវសិក្សាម្ដងទៀត)។ លក្ខខណ្ឌអាហារូបករណ៍ ឬការបញ្ចុះតម្លៃផ្សេងៗមិនត្រូវបានអនុវត្តក្នុងករណីនេះ។
ចំណុច ៩៖ ការផ្អាកឬឈប់ដំណើរការថ្នាក់សិក្សាដោយសាលាភាសាអង់គ្លេសអ៊ែតនិច
សាលានឹងជំរាបជូនដំណឹងយ៉ាងតិចមួយថ្ងៃមុនថ្ងៃចាប់ផ្តើមវគ្គសិក្សាថ្មី និងផ្ទេរសងថវិកាថ្លៃបង់សិក្សានៃវគ្គសិក្សាដែលបានបង់រួចប៉ុន្តែពុំទាន់បានរៀន (លើកលែងថ្លៃតេស្តចូលរៀន) ប្រសិនបើថ្នាក់សិក្សាត្រូវបានផ្អាកឬ លុបចោលដោយប្រការណាមួយ ។
ចំណុច ១០៖ ការព្យួរការសិក្សា
ក. ការដាក់ពាក្យព្យួរការសិក្សាត្រូវធ្វើក្នុងអំឡុងពេល១០ថ្ងៃ (ថ្ងៃធ្វើការ) រាប់ចាប់ពីថ្ងៃចាប់ផ្ដើមចូលរៀនវគ្គសិក្សាថ្មីតែប៉ុណ្ណោះ។
ខ. ប្រសិនបើសិស្សខកខានក្នុងការបំពេញពាក្យព្យួរការសិក្សា សាលារក្សាសិទ្ធមិនរក្សាទុកសុពលភាពថ្លៃសិក្សាដែលបានបង់រួចឡើយ។ សិស្សនឹងត្រូវបង់ថ្លៃសិក្សាពេញជាថ្មីម្តងទៀតដើម្បីអាចចូលរៀនបាន។
គ. សុពលភាពថ្លៃសិក្សាដែលបានបង់ហើយសម្រាប់សិស្សដែលបានដាក់ពាក្យព្យួរការសិក្សាគឺមានរយៈពេលត្រឹមមួយវគ្គសិក្សាតែប៉ុណ្ណោះ គឺវគ្គសិក្សាដែលកំពុងដាក់ពាក្យព្យួរនេះឯង។ សិស្សត្រូវត្រឡប់ចូលរៀនវិញនៅវគ្គសិក្សាបន្ទាប់។
ឃ. ក្នុងករណីណាក៏ដោយ សិស្សអាចព្យួរការសិក្សាបានត្រឹមមួយវគ្គសិក្សាប៉ុណ្ណោះ គឺវគ្គសិក្សាដែលកំពុងដាក់ពាក្យព្យួរនេះឯង។ ការខកខានមិនបានត្រលប់មកសិក្សាវិញ មានន័យថាសិស្សត្រូវធ្វើតេស្តដើម្បីចូលរៀនជាថ្មីឡើងវិញ។
ង. សិស្សត្រូវពិនិត្យម៉ោងសិក្សា និងលទ្ធភាពត្រលប់ចូលរៀនវិញក្នុងម៉ោងសិក្សាដែលចង់បានចំពោះកម្រិតសិក្សារបស់ខ្លួនឲ្យបានម៉ត់ចត់។ សាលាមិនមានផ្តល់ការធានាថាកម្រិតសិក្សាណាមួយនឹងមាននៅម៉ោងជាក់លាក់ណាមួយឡើយ។ ការខកខានមិនអាចត្រលប់ចូលរៀនវិញដោយមិនមានម៉ោងសិក្សាដែលសិស្សចង់បាន មិនមែនជាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់សាលាឡើយ។
ចំណុច ១១៖ ការប្ដូរម៉ោងសិក្សា ឬថ្នាក់
ក. សិស្សអាចធ្វើការផ្លាស់ប្ដូរម៉ោងសិក្សា ឬថ្នាក់ចំនួន មួយដង ក្នុងមួយវគ្គ។
ខ. ការផ្លាស់ប្ដូរម៉ោង ឬថ្នាក់ត្រូវមានការអនុញ្ញាតជាផ្លូវការពីប្រធានការិយាល័យកិច្ចការសិស្ស។
គ. សិស្សត្រូវមកបំពេញពាក្យសុំប្ដូរម៉ោងសិក្សា ឬថ្នាក់ដោយផ្ទាល់នៅការិយាល័យកិច្ចការសិស្ស។
ឃ. សាលារក្សាសិទ្ធិបញ្ឈប់ការសិក្សារបស់សិស្សដោយគ្មានសំណង ក្នុងករណីសិស្សផ្លាស់ប្តូរម៉ោងសិក្សានិងថ្នាក់ដោយគ្មានការអនុញ្ញាតិ។
ង.សាលារក្សាសិទ្ធិបដិសេធពាក្យសុំធ្វើការផ្លាស់ប្ដូរម៉ោងសិក្សាឬថ្នាក់។
ចំណុច ១២៖ ការស្នើសុំលិខិតបញ្ជាក់ការសិក្សា
ក. សាលានឹងចេញលិខិតបញ្ជាក់ជូនសិស្សបានតែ១ដងគត់
ខ.ការធ្វើលិខិតបញ្ជាក់នឹងត្រូវចំណាយពេលអាចចន្លោះពី ៣ទៅ១០ថ្ងៃនៃថ្ងៃធ្វើការ។
គ.សាលានឹងចេញលិខិតបញ្ជាក់ការសិក្សាជូនសិស្សដែលកំពុងរៀន ឬសិស្សព្យួរនិងបញ្ឈប់ការសិក្សាមិនលើសពី៦ខែ។លើសពីនេះសាលានឹងមិនចេញលិខិតបញ្ជាក់ជូនទេ។
ចំណុច ១៣៖ ការបញ្ឈប់ការសិក្សា
សាលារក្សាសិទ្ធិបញ្ឈប់ការសិក្សារបស់សិស្សដោយគ្មានផ្តល់សំណងក្នុងករណីសិស្សប្រព្រឹត្តសកម្មភាពណាមួយដែលប៉ះពាល់ដល់បរិយាកាសសិក្សា ឬសកម្មភាពអសីលធ៌ម មិនសមរម្យ ឬគ្មានការគោរពចំពោះសិស្សដទៃ លោកគ្រូអ្នកគ្រូ ឬបុគ្គលិកសាលា។
ចំណុច ១៤៖ ការកែប្រែលក្ខខណ្ឌចុះឈ្មោះចូលរៀន
សាលារក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនៃការចុះឈ្មោះចូលរៀនដោយពុំចាំបាច់ជូនដំណឹងជាមុន។
ចំណុច ១៥៖ សុពលភាពនៃលក្ខខណ្ឌនេះ
សុពលភាពនៃលក្ខខណ្ឌរាប់ចាប់ពីពេលចុះឈ្មោះចូលរៀនជាលើកដំបូងក្នុង វគ្គភាសាអង់គ្លេសទូទៅដែលមានការធានា និងមានសុពលភាពគ្រប់កាលវេលាដែលសិស្សនៅសិក្សា បន្តសិក្សាពីការព្យួរ ឬត្រលប់មកសិក្សាជាថ្មីឡើងវិញក្រោយការឈប់។ ចំណុច ១៦៖ ការកែប្រែ
សាលាអ៊ែតនិចរក្សាសិទ្ធកែប្រែលក្ខខណ្ឌនៃការព្យួរឈ្មោះ ឬឈប់រយៈពេលខ្លីនេះដោយពុំចាំបាច់ជូនដំណឹងទុកជាមុន។